ad468x60

ព្រះមហាក្សត្រ​ជូនពរ​អោយ​មិត្តភាព​កម្ពុជា-ចិន​រីក​ចំរើន​ឥត​ឈប់ឈរ​

ប្រភពពី www.khmer.rfi.fr: ព្រះមហាក្សត្រ ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេច​ម៉ែ​នរោត្តម មុនីនាថ សីហនុ​បាន​មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​ទាំងពីរ​បាន​ពេញ​ព្រះទ័យ​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់ទំនង​​ជា​មិត្តភាព និង​ជា​ប្រវត្តិសាស្ត្រ​ រវាង​កម្ពុជា​និង​ចិន ដែល​រីកចំរើន​ទៅ​មុខ​ឥត​ឈប់ឈរ។ នៅ​ក្នុង​ព្រះរាជសារ​អបអរសាទរ​ ប្រធានាធិបតី​ថ្មី​របស់​ចិន គឺ​លោក​ស៊ី ជីនពីង​ ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ក៏​បាន​ថ្លែង​អរគុណ​មេដឹកនាំ​របស់​ប្រទេសចិន​ដែល​នៅតែ​យក​ចិត្តទុក​ដាក់​ចំពោះ​ព្រះអង្គ​ទាំងពីរ​ ទាំង​ការគង់នៅ​ក្នុង​ដំណាក់​ប៉េកាំង និង​ការ​បន្ត​ពិនិត្យ​ព្រះរាជ​សុខភាព។
សេចក្តី​រាយការណ៍​របស់​ លាង ដឺលុច
(02:18)


នៅ​ក្នុង​ព្រះរាជសារ​មួយ​ផ្ញើ​ទៅ​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ចិន ​គឺ​លោក​ស៊ី ជីនពីង ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម សីហមុនី និង​សម្តេច​ម៉ែ មុនីនាថ សីហនុ​ ព្រះអង្គ​ទាំងពីរ​បាន​ធ្វើ​ព្រះរាជសំណេរ​រួមគ្នា​ប្រាប់មេដឹកនាំ​ចិន​រូបនេះ​ថា ព្រះអង្គ​បាន​ពេញ​ព្រះទ័យ​យ៉ាងខ្លាំង​ចំពោះ​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចិន​រហូត​ដល់​បច្ចុប្បន្ននេះ។ មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​ដែល​ព្រះអង្គ​មានព្រះរាជតំរិះថា នឹង​ឋិតឋេរ​ចីរកាល​តរៀងទៅ ប្រៀបបី​ដូច​ជា​ទន្លេ​ឡានឆាន និង​ទន្លេ​មេគង្គ​ដែល​ហូរ​ទៅមុខ​រហូត​មិន​ឈប់ឈរ​ឡើយ។ ព្រះអង្គ​បាន​មានព្រះរាជបន្ទូល​បែបនេះ ​នៅ​ក្នុង​ព្រះរាជសារ​មួយ​អបអរ​សាទរ​លោក​ស៊ី ជីនពីង ​ដែល​បាន​ឡើង​កាន់ដំណែង​ប្រធានាធិបតីរបស់​ប្រទេស​ចិន។ ព្រះរាជសារ​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ក្នុង​គេហទំព័រ​របស់​សម្តេច​ឪ​នរោត្តម សីហនុ។ ក្នុង​ន័យ​កោត​សរសើរ​មេដឹកនាំ​នៃប្រទេស​ចិន ព្រះ​មហាក្សត្រ​ខ្មែរ​និងសម្តេចម៉ែ​ ក៏​បានមាន​ព្រះរាជ​ឱង្កា​​​ផង​ដែរ​ រម្លឹក​ប្រាប់​លោក​ប្រធានាធិបតី​ចិនថា ថ្នាក់​ដឹកនាំគ្រប់ជំនាន់នៃ​រដ្ឋាភិបាល​ចិនបាន​ពង្រឹង​និង​ពង្រីក​រក្សា​យ៉ាង​ខ្ជាប់ខ្ជួន​ឥត​ងាក​រេ​នូវ​ចំណងមិត្ត ភាព មេត្រី​ភាព​ជា​ភាតរៈ​រវាង​ប្រជាជាតិ​និង​ប្រជាជន​ទាំងពីរ កម្ពុជា-​ចិន។ ចំណង​មិត្តភាព​នេះ​ដែល​បានកើត​ឡើង​តាំងពី​ឆ្នាំ​ ១៩៥៥​ ដោយ​សម្តេចឪ​នរោត្តម សីហនុ និង​អតីត​នាយករដ្ឋមន្ត្រី​ចិន លោក​ជូ អេនឡាយ។ នៅ​ក្នុង​ព្រះរាជសារ​ដដែលនោះ ​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ​មុនីនាថ សីហនុ​ដែល​ទើប​តែ​យាង​ពី​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង បាន​ធ្វើ​ព្រះរាជសំណេរ​ប្រាប់​លោក​ស៊ី ជីនពីង​ ថា ព្រះអង្គ​ទាំង​ពីរ​ក៏​ដូច​អតីត​ព្រះមហាវីរក្សត្រ​នរោត្តម សីហនុ ​ដែរ បាន​ចាត់ទុក​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​មិត្ត​ដ៏​ល្អ ​ស្មោះត្រង់ ឥត​កែប្រែ និង​ជា​មាតុភូមិ​ទី២​របស់​ព្រះអង្គ​ទាំង​ពីរ។ បើ​យោងតាម​ព្រះរាជសារ​ដដែល​នោះ មេដឹកនាំ​នៃ​ប្រទេស​ចិន​នៅ​តែ​ទទួល​ស្វាគមន៍​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ​ អោយ​គង់​នៅ​ក្នុង​រាជដំណាក់​ប៉េកាំង​បន្តទៀត ក៏​ដូច​ជា​ការ​ថ្វាយ​ការ​ពិនិត្យ​ព្រះរាជ​សុខភាព​​ថ្វាយ​ព្រះអង្គ​ទាំងពីរ។ ហើយ​ថា ព្រះអង្គ​នឹង​យាង​ទៅ​ទទួលការ​ពិនិត្យ​និង​ព្យាបាល​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ​តាម​កាល​កំណត់​នៃ​ក្រុម​គ្រូពេទ្យ​ចិន​ដ៏​ចំណានៗ។ គួរ​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​៦​មេសា​ខាង​មុខ​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ គ្រោង​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​របស់​កម្ពុជា​ទៅ​ទស្សនកិច្ច ​ក្នុង​ប្រទេស​ចិន ហើយ​លោក​ក៏​នឹង​ជួប​​សំណេះសំណាល​ជាមួយ​មេដឹកនាំ​ថ្មី​របស់​ប្រទេស​ចិន​ប្រជាមានិត៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes