ad468x60

លោក​​នាយករដ្ឋមន្ត្រី​​អំពាវនាវ​​ឲ្យ​​សកម្មជន​​គណបក្ស​​កាន់អំណាច​​អត់ធ្មត់​​ ក្នុង​​រដូវ​​បោះឆ្នោត​​

ប្រភពពី www.khmer.rfi.fr: 
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បាន​អំពាវនាវ​ផ្ទាល់មាត់​ទៅកាន់​សកម្មជន អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យបង្កើន​ការ​អត់ធ្មត់ ក្នុងពេល​ឃោសនា​បោះឆ្នោត ជា​ពិសេស​​ទៅលើ​ក្រុម​គណបក្ស​ប្រឆាំង ដែលលោកថា បានផ្តើម​យុទ្ធនាការ​រិះគន់​រូប​លោក និង​គណបក្ស​​ប្រជាជន​កម្ពុជា ដែលកំពុង​កាន់​អំណាច។ ជា​ការអំពាវនាវ ដែលលោក គល់ បញ្ញា ប្រធាន​អង្គការ ខុមហ្វ្រែល សង្ឃឹម​ថា ការបោះឆ្នោត​ជាតិ​នា​ខែកក្កដា​ខាង​មុខ នឹង​មិន​កើត​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ទេ។
សេចក្តីរាយការណ៍របស់​​ លី​ ម៉េងហួរ
(03:09)

ថ្លែងទៅកាន់​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ចន្ទនេះ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មានការ​អត់ធ្មត់ ក្នុង​ពេល​ដែល​លោក​ហៅ​ថា​យុទ្ធនាការ​បង្ខូច​​កេរ្តិ៍ឈ្មោះ និង​បំផ្លាញ​កិត្តិយស​មកលើ​រូបលោក និង​គណបក្ស​កាន់អំណាច ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ កាន់​តែ​ឡើង​កំដៅ។ ក៏ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់​ទៅកាន់​ក្រុម​អ្នកគាំទ្រ​គណបក្សកាន់​អំណាច​ឲ្យ​អត់ធ្មត់ កុំយក​កំហឹង​ទៅទល់​នឹង​កំហល់។ ​ លោក គល់ បញ្ញា ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល យល់ឃើញ​ថា ការទប់​ស្កាត់​អំពើ​ហិង្សា​ខាង​នយោបាយ នៅពេល​បោះឆ្នោត ជា​ការទទួល​ខុសត្រូវ​របស់​រាជរដ្ឋាភិបាល​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់។ លោក គល់ បញ្ញា យល់ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ តែងតែ​មាន​ការទិតៀន​លើ​គណបក្ស​កាន់​អំណាច ដែលជា​ការបញ្ចេញ​មតិ។ យ៉ាងណា​ក៏ដោយ លោក គល់ បញ្ញា មើលឃើញ​ថា អំពើហិង្សា​ខាង​នយោបាយ​នៅពេល​បោះឆ្នោត ពី​មួយអាណត្តិ​ទៅ​មួយអាណត្តិ​ បាន​ថយចុះ ជាពិសេស​ការសម្លាប់​សកម្មជន​គណបក្ស​​​ប្រឆាំង ក៏ស្ទើរតែ​លែង​កើត​មាន ក្នុង​ការបោះឆ្នោត​សកល​ចុងក្រោយ​នេះ។ ប៉ុន្តែការ​គំរាម​កំហែង​តាម​ពាក្យសម្តី​ដោយផ្ទាល់​លើ​សកម្មជន​គណបក្សប្រឆាំង បន្ត​កើតមាន​នៅ​ឡើយ។ ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​កំពង់ឫស្សី ក្នុង​ឃុំ​ជីរោទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម​ នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​បាន​ផ្តាំផ្ញើ​ទៅកាន់​សមាជិក​​របស់​គណបក្ស​​​​ប្រជាជន​កម្ពុជា ជាពិសេស​ក្រុម​យុវជន ត្រូវខិតខំ​រៀន​​បង្កើន​សមត្ថភាព​ផ្ទាល់ខ្លួន ត្រូវ​​​ចៀសវាង​​​ពី​គ្រឿងញៀន គោរព​​ច្បាប់​​ចរាចរណ៍ និង​​ច្បាប់​ទម្លាប់។ ក្នុងនោះ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ក៏​ត្រូវ​ធ្វើ​អំពើ​ល្អ​ជា​មួយ​ប្រជាជន​​ឲ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​មកវិញ​នូវ​សន្លឹក​ឆ្នោត សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។​ លោក​នាយករដ្ឋមន្ត្រី នៅ​ព្រឹកមិញ ក៏បាន​ប្រកាស​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​​ហ៊ាន​ថ្កោលទោស​ការ​ទំលាក់​គ្រាប់បែក ​ការ​ឈ្លានពានរ​បស់​សហរដ្ឋអាមេរិក និងការ​ឈ្លានពាន​ពី​វៀតណាម​ខាងត្បូង ​ចំពោះ​ទឹកដី​កម្ពុជា​ ក្នុង​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧០៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes