ad468x60

ការសម្ពោធ​សមិទ្ធផល ជា​របៀបវារៈ​នយោបាយ​របស់​បក្ស​កាន់អំណាច

ប្រភពពី www.khmer.rfi.fr: 
ឆ្នាំ​នេះ​ក៏​ដូច​ជា​សព្វដង​ដែរ ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​ឈាន​ចូល​មក​ដល់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​បង្ហាញមុខ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ ពិធី​សម្ពោធ​សមិទ្ធិផល​ទាំង​នោះ​ត្រូវ​គេ​មើល​ឃើញ​ថា គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​គណបក្ស​កាន់អំណាច​ប្រើប្រាស់​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត។ តើ​ហេតុ​អ្វី​បាន​ជា​សមិទ្ធផល​នានា​ក្លាយជា​គន្លឹះ​ក្នុង​ការ​ឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​កាន់អំណាច ? ហើយ​តើ​ការ​ប្រើប្រាស់​សមិទ្ធផល​គ្រប់គ្រាន់​ឬ​ទេ សម្រាប់​រក្សា​និរន្តរភាព​អំណាច ?
បទវិភាគ​​របស់ ប៉ែន បូណា ពីទីក្រុងភ្នំពេញ
(04:39)



ប្រសិន​បើ​គេ​មើល​តែមួយ​ភ្លែត ការសម្ពោធ​សមិទ្ធផល​នានា​ពី​សំណាក់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ដូច​ជា​គ្មាន​អ្វី​ប្លែក​ទេ ពី​ព្រោះ​វា​ជា​ព្រឹតិ្តការណ៍​ដែល​គេ​បាន​ឃើញ​ឡើង​ស៊ាំ​អស់​ទៅ​ហើយ។ ប៉ុន្តែ ប្រសិន​បើ​គេ​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ ពិធី​សម្ពោធ​ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម​នោះ គឺ​ជា​របៀបវារៈ​នយោបាយ​ដ៏​សំខាន់​មួយ​របស់​គណបក្ស​កាន់អំណាច។ ជា​ពិសេស គឺ​ការ​បើក​សម្ពោធ​ជា​សេរី​ប៉ុន្មាន​ខែ​មុន​ពេល​បោះឆ្នោត គឺ​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​កត់សម្គាល់។ គេ​អាច​និយាយ​បាន​ថា វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ទាំងនោះ គឺ​ជា​ពេលវេលា​ដ៏​សំខាន់​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ម្ចាស់ឆ្នោត ពីព្រោះ​នៅ​ពេល​ដែល​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​ផ្លូវការ​ចូល​មក​ដល់ បេក្ខជន​នាយក​រដ្ឋមន្ត្រី​គណបក្ស​កាន់អំណាច​​រូប​នេះ​មិន​បង្ហាញ​មុខ​ឃោសនា​រក​សំឡេងឆ្នោត​ទេ។ ជា​ការ​ពិតណាស់ ការ​រំលេច​សមិទ្ធផល​នានា​ដែល​សម្រេច​បាន​ក្នុង​អាណត្តិ​ដឹកនាំ​របស់​ខ្លួន គឺ​ជា​របៀបវារៈ​នយោបាយ​ដ៏​សំខាន់​សម្រាប់​មេដឹកនាំ​ខ្មែរ។ ជាក់ស្តែង ឯកសារ​វីដេអូ​ទាំងឡាយ​ដែល​បន្សល់​ទុក​ពី​របប​សង្គមរាស្ត្រនិយម​របស់​អតីត​ព្រះមហាក្សត្រ​សម្តេចឳ នរោត្តម សីហនុ គឺ​ជា​ភស្តុតាង​ស្រាប់។ សូម្បី​តែ​ក្នុង​របប​ខ្មែរក្រហម​ដ៏​មហា​ប្រល័យ មហា​បំផ្លិចបំផ្លាញ ក៏​មេដឹកនាំ​សម័យ​នោះ​ព្យាយាម​ថត​ឯកសារ​វីដេអូ​ស្តីពី​សកម្មភាព​លើក​ទំនប់ ទប់​ប្រឡាយ របស់​ប្រជាជន​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​របស់ខ្លួន​ដែរ។ សារ​នយោបាយ​ដែល​ស្តែង​ចេញពី​ការ​បង្ហាញ​សមិទ្ធផល​ទាំង​នោះ​គឺ អ្នកដឹកនាំ​ប្រទេស​ចង់​ប្រាប់​ប្រជាពលរដ្ឋ​ថា ខ្លួន​បាន​ធ្វើ​អ្វីៗ​ជា​ច្រើន​សម្រាប់​បម្រើ​ផលប្រយោជន៍​របស់​ពួកគេ។ សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​រឹតតែ​មាន​តម្លៃ​ថែមទៀត​សម្រាប់​រដ្ឋាភិបាល​បច្ចុប្បន្ន ក្នុង​បរិបទ​ដែល​ប្រទេសជាតិ​រង​ការ​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទាំ​ដោយ​របប​ខ្មែរក្រហម។ នេះ​ជា​ហេតុផល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​អាច​ទាញ​យក​ប្រយោជន៍​មិនចេះ​រីងស្ងួត​ពី​ថ្ងៃ៧ មករា និង​សមិទ្ធផល​នានា​ដែល​កើត​ឡើង​ក្រោយ​របប​ខ្មែរក្រហម។ ក្រៅ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ដែល​សុទ្ធសឹង​ជា​សេចក្តីត្រូវការ​ចាំបាច់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ការ​កសាង​សមិទ្ធផល​ក្នុង​ទីវត្ត​អារាម​ក៏​ជា​គោលដៅ​ដែល​គណបក្ស​កាន់អំណាច​មិន​ដែល​មើល​រំលង​ដែរ ពីព្រោះ​សូម​កុំ​ភ្លេច​ថា ជាង៩០ ភាគរយ​នៃ​ពលរដ្ឋ​ខ្មែរ​គឺ​ជា​ពុទ្ធសាសនិក។ ដូច្នេះ វត្ត​អារាម​គឺជា​ទីកន្លែង​ដ៏​សំខាន់បំផុត​សម្រាប់​ទាក់ទាញ​ការគាំទ្រ។ អ៊ីចឹង​ហើយ​បាន​ជា​មន្ត្រី​បក្ស​កាន់អំណាច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​វិហារ កុដិ សាលាឆទាន ឬ​ក៏​ហែ​កឋិន​ចូល​វត្ត​មិន​ដែល​ដាច់។ រីឯ​ការ​ចែក​អំណោយ ក៏​បាន​ផ្តល់​ប្រយោជន៍​ដល់​គណបក្ស​កាន់​អំណាច​មិន​តិច​ដែរ។ យ៉ាង​ណា​ក៏​ដោយ​ចុះ យុទ្ធសាស្ត្រ​ទាំងនេះ​នឹង​ចុះថយ​ឥទ្ធិពល​បន្តិច​ម្តងៗ នៅ​ខណៈ​ដែល​មហាជន​ទូទៅ​ផ្តើម​យល់​ថា នេះ​ជា​កិច្ចការ​ធម្មតា​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​ផល​អវិជ្ជមាន​ទាំងឡាយ​ដែល​កើត​ចេញពី​ការ​អភិវឌ្ឍន៍​ក៏​ជា​ថ្នាំ​បន្សាប​ឥទ្ធិពល​នៃ​យុទ្ធសាស្ត្រ​បង្អួត​សមិទ្ធផល​របស់​បក្ស​កាន់អំណាច​ដែរ។ «គុណ​មួយ​រយ​សំពៅ ទោស​មួយ​ចូល​ទៅ រលាយ​គុណ​អស់» នេះ​ជា​ទស្សនវិជ្ជា​ដែល​គណបក្ស​កាន់អំណាច​មិន​អាច​មើល​ស្រាល​បាន​ឡើយ ជា​ពិសេស​នៅ​ក្នុង​បរិបទ​ដែល​គូប្រកួត​របស់​ខ្លួន​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ជាង​មុន។ ដូច្នេះ ដើម្បី​រក្សា​ប្រៀប​ខ្លាំង​រយៈពេល​យូរអង្វែង និង​មិន​ចេះ​ហួស​សម័យ ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា គណបក្ស​កាន់អំណាច​គួរ​ងាក​មក​គិតគូរ​ពី​ការ​កែ​តម្រូវ​ចំណុច​អវិជ្ជមាន​របស់​ខ្លួន​ជា​ចាំបាច់។ មាន​បញ្ហា​ជា​ច្រើន ដែល​ហាក់​ដូច​ជា​មិន​ពិបាក​ដោះស្រាយ​សោះ តែ​វា​បែរ​ជា​ក្លាយ​ជា​រឿង​រ៉ាំរ៉ៃ​ស្រាយ​មិន​ចេញ​ទៅ​វិញ។ រីឯ​រឿង​ខ្លះ​ដែល​មិន​គួរ​កើត​ទាល់​តែ​សោះ​នោះ ក៏​អាច​កើត​ឡើង​បាន​ដែរ។ ទាំង​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ចន្លោះ​ប្រហោង​ខាង​យុទ្ធសាស្ត្រ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​គណបក្ស​កាន់អំណាច ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​កែតម្រូវ ពីព្រោះ​ចំណុច​អវិជ្ជមាន​ទាំង​នោះ គឺ​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​របស់​បក្សប្រឆាំង​ក្នុង​ការ​ធ្វើ​ឲ្យ​លុប​បាត់​សមិទ្ធផល​នានា​របស់​រដ្ឋាភិបាល៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes