ad468x60

សាលាក្តី​ខ្មែរក្រហម ៖ គម្រោង​កូដកម្ម​នៅថ្ងៃទី១ មេសា​ត្រូវ​បាន​បញ្ចៀស

ប្រភពពីwww.khmer.rfi.fr: បញ្ហា​ថវិកា​នៅ​ឯ​សាលាក្តី​ខ្មែរក្រហម​មាន​ការ​វិវឌ្ឍន៍​​មួយ​ជំហាន​ទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ។ រដ្ឋបាល​របស់​សាល​ក្តី​បាន​ប្រកាស​បន្ត​កិច្ចសន្យា​ការងារ​ដល់​បុគ្គលិក​ជនជាតិខ្មែរ​ទាំង​អស់​សម្រាប់​ឆ្នាំ ២០១១។ រីឯ​ប្រាក់ខែ​ចាប់ពី​ខែមករា​ដល់​ខែមីនា​ដែល​សាលាក្តី​បាន​ជំពាក់​ពួក​គេ​នោះ​នឹង​ត្រូវ​បើក​ជូន​គ្រប់​ចំនួន​នៅ​សប្តាហ៍​ក្រោយ។ ដំណោះស្រាយ​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​កូដកម្ម​ដែល​ក្រុម​បុគ្គលិក​ខ្មែរ​គ្រោង​ធ្វើ​ជា​ថ្មី​នៅ​ថ្ងៃ​ចន្ទ ទី១ ខែមេសា​ដើម​សប្តាហ៍​ក្រោយ។

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុងភ្នំពេញ
(02:18)
គម្រោង​ធ្វើ​កូដកម្ម​ដែល​ក្រុម​បុគ្គលិក​ខ្មែរ​ផ្នែក​បកប្រែ​ភាសា​គ្រោង​បន្ត​ធ្វើ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ចន្ទ ទី១ ខែមេសា​ត្រូវ​បាន​បញ្ចៀស​ហើយ។ ការ​បញ្ចប់​គម្រោង​ធ្វើ​កូដកម្ម​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​បាន​សម្រេច​បន្ត​កិច្ចសន្យា​ការងារ​ថ្មី​សម្រាប់​ឆ្នាំ​២០១៣ ដល់​បុគ្គលិក​ជនជាតិខ្មែរ​ទាំង ២៧០នាក់។ នេះ​បើ​យោង​តាម​ការអះអាង​របស់​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ។ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ លោកស្រី Silvia Cartwright ចៅក្រម​អន្តរជាតិ​បាន​ប្រកាស​នៅ​ក្នុង​អង្គ​សវនាការ​ថា ប្រាក់បៀវត្ស​របស់​បុគ្គលិក​ជនជាតិ​ខ្មែរ​ចាប់​ពី​ខែ​មករា​ដល់​ខែ​មេសា​នឹង​ត្រូវ​បាន​ធានា​បើក​ជូន​គ្រប់​ចំនួន។ នៅ​ថ្ងៃ​សៅរ៍​នេះ រដ្ឋបាល​សាលាក្តី​ក៏​បាន​សន្យា​ថា ប្រាក់ខែ​ចាប់​ពី​ខែមករា​ដល់​ខែមីនា​ដែល​សាលាក្តី​ជំពាក់​បុគ្គលិក​ជនជាតិខ្មែរ​នោះ​នឹងត្រូវ​បើក​សង​វិញ​គ្រប់​ចំនួន​នៅ​សប្តាហ៍​ក្រោយ។ រីឯ​ប្រាក់ខែ​សម្រាប់​ខែមេសា​នឹង​ត្រូវ​បើក​តាម​ធម្មតា​នៅ​ដំណាច់ខែ។ គួរ​រម្លឹក​ថា បុគ្គលិក​ជនជាតិខ្មែរ​ផ្នែក​បកប្រែ​ភាសា​បាន​នាំ​គ្នា​​ធ្វើ​កូដកម្ម​មិន​ធ្វើ​ការ​កាល​ពី​ថ្ងៃទី៤ មីនា បន្ទាប់​ពី​ពួក​គេ​មិន​ទទួលបាន​ប្រាក់ខែ​ចំនួន ៣ខែ។ រហូត​ដល់​ថ្ងៃទី១៨ មីនា ពួក​គេ​បាន​យល់ព្រម​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​មាន​ការ​សន្យា​ថា ពួក​គេ​នឹង​ទទួល​បាន​ប្រាក់ខែ​ខែធ្នូ​ឆ្នាំ ២០១២ ។ ប្រាក់ខែ​នេះ​បាន​បើក​មែន​កាល​ពី​ថ្ងៃទី២១ មីនា។ ប៉ុន្តែ​ក្រុម​បុគ្គលិក​ទាំង​នោះ​បាន​គំរាម​ថា នឹង​ធ្វើ​កូដកម្ម​ជាថ្មី​នៅ​ថ្ងៃទី១ ខែមេសា ប្រសិន​បើ​ពួក​គេ​មិន​បាន​បើក​ប្រាក់ខែ ៣ខែ​ដើម​ឆ្នាំ ២០១៣ ​ទេ​នោះ។ ការ​បន្ត​កិច្ចសន្យាការងារ និង​ការ​សង​ប្រាក់ខែ​ដែល​ជំពាក់ គឺ​ជា​លក្ខខណ្ឌ​ធំៗ​ពីរ​ដែល​ក្រុម​បុគ្គលិក​ផ្នែក​បកប្រែ​ភាសា​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​សុំ​ឲ្យ​រដ្ឋបាល​របស់​សាលាក្តី​នេះ​ដោះស្រាយ​ជា​ថ្នូរ​នឹង​ការបញ្ចប់​កូដកម្ម។ ឥឡូវ​នេះ បញ្ហា​ត្រូវ​បាន​ដោះស្រាយ​ហើយ ។ ប៉ុន្តែ ថវិកា​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​បុគ្គលិក​ជនជាតិខ្មែរ​នៅ​ពេល​នេះ​គ្រាន់​តែ​ជា​មូលនិធិ​សង្គ្រោះបន្ទាន់​របស់​អង្គការសហប្រជាជាតិ​ដោយ​ប្រើប្រាស់​ថវិកា​ភាគី​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយគ្រា​តែ​ប៉ុណ្ណោះ។ រីឯ​គម្រោង​ថវិកា​ពិតប្រាកដ​សម្រាប់​ដំណើរការ​ឆ្នាំ ២០១៣ សម្រាប់​ភាគី​កម្ពុជា​នៅ​តែ​មិនទាន់​មាន​ដដែល៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes