ad468x60

សាលាឧទ្ធរណ៍​​នឹង​​ចេញ​សេចក្តី​សម្រេច​​​ជុំវិញ​​ករណី​​លោក​​ឈូក ​បណ្ឌិត​​នៅ​រសៀល​ថ្ងៃ​ទី​៤​មីនា​

ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ បានប្រកាសថា ករណី​តុលាការខេត្ត​ស្វាយរៀង លើកលែង​ការចោទប្រកាន់​លើ​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ក្នុង​រឿង​បាញ់​ស្ត្រី​កម្មករ ៣ នាក់ ឲ្យ​រងរបួស​ធ្ងន់ កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ ឆ្នាំ​២០១២ នឹង​ត្រូវ​ប្រកាស នៅ​រសៀល​ម៉ោង ២ ថ្ងៃទី​៤​មីនា​។ សេចក្តីសម្រេច​របស់​ចៅក្រម​ដូច្នេះ បាន​ធ្វើឡើង បន្ទាប់ពី​សវនាការ​សួរដេញដោល​លើ​សាក្សី ២០ នាក់ ស្ត្រី​កម្មករ​ជា​ជនរងគ្រោះ ៣ នាក់ និង​ការសាកសួ​រលោក ឈូក បណ្ឌិត ដែល​បាន​ធ្វើឡើង ចាប់​តាំងពី​ព្រឹក​ថ្ងៃ​ទី​២៧​កុម្ភៈ​ម្សិលមិញ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៨​កុម្ភៈ​នេះ។​

បន្ទាប់ពី​ស្តាប់​សេចក្តីសន្និដ្ឋាន​ពី​គ្រប់ភាគី គឺ​ភាគី​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ មេធាវី​ការពារ​ជនរងគ្រោះ ភាគី​ព្រះរាជអាជ្ញា ភាគី​ស្ត្រី​កម្មករ​កាត់ដេរ​រងគ្រោះ និង​ភាគី​ជនជាប់ចោទ គឺ​លោក ឈូក បណ្ឌិត នៅក្នុង​សវនាការ នា​រសៀល​ថ្ងៃ​២៨​កុម្ភៈ​នេះ ចៅក្រម​​សាលាឧទ្ធរណ៍ បានប្រកាសថា សំណុំរឿង​ក្តី​តុលាការ​ខេត្ត​ស្វាយរៀង លើកលែង​ការចោទប្រកាន់​លើ​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ក្នុង​ព្រឹត្តិការណ៍​បាញ់​ស្ត្រី​កម្មករ​កាត់ដេរ ៣ នាក់ ឲ្យ​រងរបួស​ធ្ងន់​នោះ នឹង​ត្រូវ​ប្រកាស​នៅ​រសៀល​ម៉ោង ២ ថ្ងៃ​ចន្ទ ទី​៤ ខែ​មីនា ឆ្នាំ​២០១៣​។​
 
​សវនាការ​រយៈពេល​ពី​រថ្ងៃមកនេះ មាន​ការជជែក​ដេញដោល​យ៉ាងច្រើន ដោយ​មាន​ទាំង​សាក្សី​ដាក់បន្ទុក និង​សាក្សីដោះបន្ទុក សរុប​រហូតដល់ ២០ នាក់ បាន​ឆ្លើយបំភ្លឺ​អង្គ​សវនាការ នៅ​សាលាឧទ្ធរណ៍ ចាប់តាំងពីថ្ងៃ២៧កុម្ភៈ​។​
 
​ក្រោយ​ពី​ការសាកសួរ​សាក្សី នៅ​ចុង​ម៉ោង ក្នុង​សវនាការ​នៅ​ព្រឹក​មិញ មុន​ពេល​ផ្អាក​សវនាការ ចៅក្រម​បាន​អនុញ្ញាតឲ្យ​លោក ឈូក បណ្ឌិត និង​សាក្សី ជា​ប៉ូលិស តទល់​គ្នា ដើម្បី​ដោះសារ និង​ដាក់បន្ទុក​។ សាក្សី​ជា​ប៉ូលិស​រូប​នោះ បានចង្អុលបង្ហាញ​ច្បាស់​ថា នៅ​ថ្ងៃកើតហេតុ គឺ​ថ្ងៃ​ទី​២០​កុម្ភៈ ឆ្នាំ​២០១២ លោក​បាន​ឮ​ស្នូរ​កាំភ្លើង ហើយ​គាត់​ឃើញ​លោក ឈូក បណ្ឌិត កាន់​កាំភ្លើង និង​មើលទៅ​ម្ខាង​ទៀត លោក​ឃើញ​ស្ត្រី​កម្មករ​ដួលសន្លប់​។​
 
​បន្ទាប់ពី​សវនាការ លោក ឈូក បណ្ឌិត បដិសេធ មិន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​ទេ​។ ក៏​ប៉ុន្តែ​តាម​ការរៀបរាប់​ក្នុង​សវនាការ លោក ឈូក បណ្ឌិត បាន​លើកឡើង​ថា ក្នុង​ពេល​កម្មករ​ធ្វើ​កូដកម្ម​នោះ លោក​បាន​កាន់​កាំភ្លើងខ្លី បាញ់​ឡើង​លើ ហើយ​ពេលនោះ ក៏​មាន​ការ​ផ្អើល ឆោឡោ ហើយ​ក្រោយមក ក៏​មាន​គេ​រំដោះ​លោក​ចេញពី​កន្លែងកើតហេតុ​។​
 
​យ៉ាងណា​ក៏ដោយ សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត ដែល​បាន​តាមដាន​សវនាការ សង្ឃឹមថា សាលាឧទ្ធរណ៍ នឹង​ធ្វើ​ការវិនិច្ឆ័យ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ ជា​កម្មការិនី​ទាំង ៣ រូបនោះ​។
 
​ចំណែក​ស្ត្រី​កម្មករ​កាត់ដេរ រងគ្រោះ​ទាំង ៣ នាក់ នៅពេល​បិទ​បញ្ចប់​សវនាការ បាន​ទាមទារ​សុំ​ឲ្យ​តុលាការ ស្វែងរក​យុត្តិធម៌​ដល់​ពួកគាត់ ជាពិសេស​ស្វែងរក​មុខ អ្នក​ដែល​បាន​បាញ់​មកលើ​គាត់ ដើម្បី​ផ្តន្ទាទោស ចាប់​ដាក់​ពន្ធនាគារ​។​
 
​សូម​រម្លឹកថា សាលាឧទ្ធរណ៍ បាន​លើកយក​ករណី​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​ជាប់ចោទ​រឿង​បាញ់​ស្ត្រី​កម្មករ​កាត់ដេរ ៣ នាក់ ឲ្យ​របួសធ្ងន់ មក​ជំនុំជម្រះ​ឡើងវិញ ចាប់​តាំងពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ រហូត​ដល់​រសៀល​ថ្ងៃ​២៨​កុម្ភៈ​។
 
​សំណុំរឿង​ក្តី​នោះ កាល​ខែធ្នូ ឆ្នាំ​២០១២ ត្រូវបាន​ព្រះរាជអាជ្ញា តុលាការខេត្ត​ស្វាយរៀង សំរេច​លើកលែង​ការចោទប្រកាន់​លើ​លោក ឈូក បណ្ឌិត ដោយ​សំអាង​ថា មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​។ ក៏ប៉ុន្តែសកម្មជនសិទ្ធិមនុស្ស និងក្រុមស្ត្រីកម្មករកាត់ដេររងគ្រោះ បានជំទាស់ ហើយក្រោយមកក៏បានប្តឹងឡើងមកកាន់​សាលាឧទ្ធរណ៍៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes