ad468x60

មតិ​ជុំវិញ​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​ថ្មី​ថា "ស្ពាន​អាកាស ៧ មករា"

ប្រភពពីwww.rfa.org/khmer:
តាម​ប្រវត្តិសាស្ត្រ​ខ្មែរ អ្នក​កាន់​អំណាច​នៃ​របប​នយោបាយ​នីមួយៗ មិន​ត្រឹម​តែ​ប្ដូរ​ឈ្មោះ​របប​នយោបាយ ដូរ​ឈ្មោះ​ប្រទេស ដូរ​ទង់ជាតិ​តែ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ឈ្មោះ​ផ្លូវ ដែល​ជា​របស់​គ្មាន​វិញ្ញាណ ក៏​ត្រូវ​ដូរ​ឈ្មោះ​ថ្មី​ឲ្យ​ដែរ។ស្ពាន​អា កាស​ ដែល​ទើប​សាង​សង់​ហើយ​នៅ​ស្តុប​ពេទ្យ​លោក​សង្ឃ ក្រុង​ភ្នំពេញ គឺ​ជា​សមិទ្ធផល​គមនាគមន៍​មួយ​អស្ចារ្យ​របស់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​២០១២។ស្ពាន​នេះ​ត្រូវ​បាន​គេ​សង់​ហើយ​ស្រប​ពេល​ថ្ងៃ​ខួប​បុណ្យ​ខួប ៧ មករា ចូល​មក​ដល់។ ថ្ងៃ​៧ មករា ជា​ថ្ងៃ​គណបក្ស​ប្រជាជន​កំណត់​ថា​ជា​ថ្ងៃ​ជ័យជំនះ​ប្រវត្តិសាស្ត្រ ដែល​គណ​បក្ស​ប្រជា​ជន​គាំទ្រ​ដោយ​វៀតណាម បាន​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ​ប៉ុល​ ពត។

ស្រប​ពេល​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ប្រកាស​ដាក់​ឈ្មោះ​ស្ពាន​អាកាស​នេះ ជា​ចំណង​ដៃ​ឆ្នាំ​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ដោយ​ភ្ជាប់​ទៅ​ន័យ​ប្រវត្តិសាស្ត្រ​នយោបាយ​តែ​ម្ដង ៖ «ខួប ៣៣​ឆ្នាំ នឹង​មាន​ស្ពាន​ចំណង​ដៃ​មួយ ឥឡូវ​គេ​ហៅ​ស្ពាន​អាកាស ៧ មករា ស្តុប​ពេទ្យ​លោក​សង្ឃ។ គេ​ហៅ​អ៊ីចឹង​បាត់​ទៅ​ហើយ។ ឥឡូវ​សុំ​ប្រកាស​ប្រសិទ្ធិនាម​ស្ពាន​អាកាស​ស្តុប​ពេទ្យ​លោក​សង្ឃ​ហ្នឹង​ទៅ​ ជា​ស្ពាន ៧ មករា តែ​ម្ដង​ទៅ បើ​គេ​ហៅ​អ៊ីចឹង​ទៅ​ហើយ»

សេចក្ដី​ប្រកាស​នេះ បាន​ធ្វើ​ឲ្យ​មន្ត្រី​គណ​បក្ស​ប្រឆាំង ដែល​ជា​បក្ស​ប្រជែង​នយោបាយ​ជា​មួយ​បក្ស​ប្រជាជន​របស់​លោក​នាយក​រដ្ឋមន្ត្រី មិន​សប្បាយ​ចិត្ត។

លោក យឹម សុវណ្ណ ដំណាង​រាស្ត្រ​គណ​បក្ស​ សម ​រង្ស៊ី គិត​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឆ្លៀត​ឱកាស​ទាញ​យក​សមិទ្ធផល​នេះ​ទុក​ជា​ប្រយោជន៍​បក្ស​ប្រជា​ជន​ទៅ​វិញ ៖ «គួរ​ណាស់​តែ​ស្ទាបស្ទង់ ធ្វើ​ប្រជាមតិ​ឲ្យ​មាន​មតិ​ឯក​ភាព​មួយ ដើម្បី​ដាក់​ឈ្មោះ​លើ​សមិទ្ធផល​ដែល​ចេញ​ពី​ខ្មែរ​ទាំង​អស់​គ្នា ធ្វើ​បែបនេះ​ដូច​ជា​ក្លាយ​ទៅ​ជា​ស្ពាន​របស់​គណ​បក្ស​ទៅ​វិញ»

ប្រវត្តិសាស្ត្រ​នយោបាយ​នៃ​ប្រទេស​កម្ពុជា​បង្ហាញ​ថា សមិទ្ធផល​ផ្លូវ​ស្ពាន មាន​ឥទ្ធិពល​ខ្លាំងក្លា​បំផុត ដើម្បី​ជំរុញ និង​លើក​តម្កើង​ប្រជាប្រិយភាព​របស់​របប​នយោបាយ​មួយ ឬ​បក្ស​នយោបាយ​មួយ ក្នុង​ការ​ទាក់ទាញ​អ្នក​គាំទ្រ។ ដូច្នេះ​ហើយ​ទើប​ឈ្មោះ​អ្នក​នយោបាយ​ខ្មែរ និង​បរទេស​ខ្លះ​ត្រូវ​បាន​គេ​ចារ​ឈ្មោះ​នៅ​តាម​ដង​វិថី​សំខាន់​ៗ នៅ​ទីក្រុង​ភ្នំពេញ តាំង​ពី​ឆ្នាំ​១៩៥០ ជាង មក​ទល់​សព្វ​ថ្ងៃ​នេះ។

ជាក់ស្ដែង​ដូច​ជា​មហាវិថី សាល ឌឺហ្គោល (Charles de Gaulle) មហាវិថី ម៉ៅ សេទុង (Mao Tse Tung) មហាវិថី​សេនា​ប្រមុខ គីម អ៊ីលស៊ុង មហាវិថី​សហព័ន្ធ​រុស្ស៊ី មហាវិថី​ព្រះ​នរោត្តម មហាវិថី​សុធារស ជាដើម។ ក្រៅ​ពី​នេះ​នៅ​មាន​ឈ្មោះ​ផ្លូវ​តូច​ៗ ច្រើន​ទៀត ដែល​មាន​ឈ្មោះ​ជា​បរទេស និង​ទាក់​ទង​និង​នយោបាយ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ចារ​ឈ្មោះ​ដូច្នេះ​មានន័យ​ជា​កិត្តិយស​នយោបាយ ជា​ការ​គោរព ទុក​ជា​អនុស្សាវរីយ៍ ជា​ពិសេស​ជា​ការ​បង្ហាញ​សមិទ្ធផល។

ចំពោះ​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​៧​មករា​នេះ លោក បណ្ឌិត យល់​ថា ជា​រឿង​ធម្មតា​សម្រាប់​អ្នក​នយោបាយ​ខ្មែរ ព្រោះ​ថា​មិន​មានតែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែល​ធ្វើ​ដូច្នេះ សូម្បី​តែ​អ្នក​នយោបាយ​ខ្មែរ​ជំនាន់​មុន​ៗ ក៏​បាន​ធ្វើ​តៗ គ្នា​ដូច្នេះ​អស់​ជិត ១០០​ឆ្នាំ មក​ហើយ​ដែរ។

លោក​ថា ទម្លាប់​ដាក់​ឈ្មោះ​អ្នក​ដឹកនាំ ឬ​របប​នយោបាយ​តាម​ទី​សាធារណៈ ដូច​ជា​ដាក់​ឈ្មោះ​តាម​ស្ពាន​ថ្នល់ តាម​សួនច្បារ អាគារ​សិក្សា ជា​ដើម នៅ​តែ​ពេញ​និយម​ចំពោះ​អ្នក​នយោបាយ​ខ្មែរ​បច្ចុប្បន្ន។ ក៏​ប៉ុន្តែ ឈ្មោះ​ទាំង​នោះ​ក៏​ត្រូវ​បាន​គេ​ដូរ​ចុះ​ដូរ​ឡើង​ក្នុង​របប​នយោបាយ​នីមួយៗ ចាប់​តាំង​ពី​ជំនាន់​អាណា​និគម​បារាំង និង​ក្រោយ​ឆ្នាំ​១៩៥៣ មក​ម្លេះ ៖ «ជាទូទៅ ​ដាក់​ឈ្មោះ​វីរបុរស​អ្នក​ឯទៀត​ៗ​ឬ​អ្នក​ល្បីឈ្មោះ​ដូច​ជា​នៅ​ប្រទេស​ កម្ពុជា​យើង​នឹង។ មហា​វិថី​កម្ពុជាក្រោម ក៏​ជា​ឧទាហរណ៍​ក្នុង​ការ​ប្ដូរ​ឈ្មោះ គឺ​ដើមឡើយ​កាល​ពី​ជំនាន់​បារាំង​ឈ្មោះ​ថា​អាណាម ក្រោយ​មក​ដូរ​មក​ផ្លូវ​កម្ពុជា​ក្រោម នៅ​ពេល​វៀតណាម​ចូលឆ្នាំ​១៩៧៩ បាន​ដូរ​ទៅ​ជា មហា​វិថី មិត្ត​ភាព​កម្ពុជា​វៀតណាម ​ហើយ​មហា​វិថី​សំខាន់​ៗ​ផ្សេងទៀត​បាន​ដូរ​ឈ្មោះ​ទៅ​ជា​មេដឹកនាំ​ កុម្មុយនិស្ត ខាង​សូវៀត​និង​អឺរ៉ុប​ល្បីៗ»

លោក​បន្ថែម​ថា ក្នុង​របប​ ប៉ុល ​ពត មិន​បាន​ឲ្យ​តម្លៃ​មហា​វិថី​ទេ ព្រោះ​របប​នេះ​ផ្ដល់​តម្លៃ​ឲ្យ​កសិកម្ម ដូច្នេះ​របប ​ប៉ុល ​ពត ​ដាក់​ឈ្មោះ​ទំនប់​ប្រឡាយ​ក្នុង​ន័យ​នយោបាយ​របស់​របប​នេះ​ជំនួស​មហាវិថី។

ការ​ដូរ​ចុះ​ដូរ​ឡើង​នេះ​បាន​ធ្វើ​ឲ្យ​ឈ្មោះ​មហា​វិថី​ខ្លះ​បាត់​ឈ្មោះ​ ទេ តែ​ក៏​ធ្វើ​អ្នក​ដំណើរ ឬ​អ្នក​ភ្នំពេញ​ខ្លះ តាម​មិន​ទាន់ ច្រឡំ​ឈ្មោះ ព្រោះ​ដូរ​ឈ្មោះ​ច្រើន​ដង​ពេក។

អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​នៅ​ភ្នំពេញ​ម្នាក់​ថ្លែង​ថា ជួនកាល​គាត់​ហាក់​ដូច​ជា​វង្វេង ច្រឡំ​ឈ្មោះ​មហាវិថី​ពេល​ដឹក​ភ្ញៀវ​ម្ដងៗ ៖ «ផ្លូវ​ធំ​ៗ​ ខ្ញុំ​ស្គាល់​ខ្លះ កន្លែង​ខ្លះ​ខ្ញុំ​អត់​ស្គាល់​ខ្ញុំ​សួរ​គេ។ ខ្ញុំ​ស្គាល់​មហាវិថី​មុន្នី​រេត មហា​វិថី​នរោត្តម មហាវិថី ម៉ៅ សេទុង មហា​វិថី​សហព័ន្ធ​រុស្ស៊ី»

ទោះ​យ៉ាងណា លោក​ថា អ្នក​ដំណើរ​ភាគច្រើន​មិន​សូវ​ហៅ​វិថី​តាម​ឈ្មោះ​ជា​ផ្លូវ​ការ​ទេ។ គេ​ច្រើន​ហៅ​ឈ្មោះ​ចាស់​ដែល​គេ​ធ្លាប់​ហៅ ម្យ៉ាង​ទៀត ឈ្មោះ​វិថី​ពិបាក​ហៅ ព្រោះ​ជា​ភាសា​បរទេស ពិបាក​ធ្វើ​សំនៀង​ដូច ៖ «ខ្លះ​ថា​ទៅ​ផ្លូវ​មាត់​ទន្លេ ខ្លះ​គេ​ថា ទៅ​ផ្លូវ​ស៊ីសុវត្ថិ ខ្លះ​គេ​ថា​ផ្លូវ​ហាណូយ ខ្លះ​គេ​ហៅ​សាមញ្ញ​ថា​ផ្លូវ​ដី​ហុយ​តែ​ម្ដង»

អ្នក​វិភាគ​នយោបាយ​ឯករាជ​ខ្មែរ​មួយ​ចំនួន បាន​រំលឹក​ថា ការ​ដាក់​ឈ្មោះ​វិថី នៅ​ប្រទេស​កម្ពុជា ក៏​អាច​បញ្ជាក់​អំពី​និន្នាការ​នយោបាយ​របស់​អ្នក​ដឹកនាំ​ខ្មែរ​រាល់​ជំនាន់ នៅ​សតវត្ស​ទី​២០ និង​២១​ដែរ គឺ​បាន​បង្ហាញ​ថា អ្នក​នយោបាយ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់​មាន​និន្នាការ​ទោរទន់​ទៅ​រក​របប​ កុម្មុយនិស្ត លើក​លែង​តែ​លោក​សេនាប្រមុខ លន់ នល់ កាន់​អំណាច​ឆ្នាំ​១៩៧០ ដល់​១៩៧៥ ដែល​មាន​និន្នាការ​លំអៀង​ទៅ​លោក​សេរី ឬ​អាមេរិក។

លោក បណ្ដិត ឡៅ ម៉ុងហៃ រំលឹក​ថា ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​គឺ​ក្នុង​ឆ្នាំ​១៩៦០ ជាង កម្ពុជា​បាន​ប្រកាស​ប្រកាន់​ជំហរ​នយោបាយ​អព្យាក្រឹត្យ តែ​បើ​គេ​សង្កេត​មើល​ឈ្មោះ​អ្នក​ដឹក​នាំ​ដែល​ចារ​ឈ្មោះ​នៅ​តាម​ដង​វិថី​ កម្ពុជា គឺ​សុទ្ធ​តែ​អ្នក​ដឹក​នាំ​កុម្មុយនិស្ត។

ជា​ចុង​បញ្ចប់ អ្នក​វិភាគ​នយោបាយ​ខ្មែរ បាន​ចោទ​សួរ​ថា ចុះបើ​អ្នក​នយោបាយ​ម្នាក់​ៗ ពេល​បាន​ឡើង​កាន់​អំណាច​ចេះ​តែ​ដូរ​ឈ្មោះ​ផ្លូវ​ឈ្មោះ​មហាវិថី​ដូច្នេះ តើ​ឈ្មោះ​ស្ពាន​អាកាស​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ប្រសិទ្ធិនាម​ឲ្យ រួម​ទាំង​ឈ្មោះ​មហាវិថី​ច្រើន​ទៀត ដែល​ដាក់​ឈ្មោះ​អ្នក​នយោបាយ​ខ្មែរ និង​បរទេស​ទាំង​អម្បាល​មាន​ហ្នឹង តើ​នឹង​ត្រូវ​គេ​ដូរ​ឈ្មោះ​ទៅ​ជា​អ្វី​ទៀត​ទៅ ទៅ​អនាគត?

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes