ad468x60

កម្ពុជា​ស្វាគម​សាលក្រម​កាត់ទោស​ប្តីប្រពន្ធ​ម៉ាឡេស៊ី​ដែល​ធ្វើអោយ​ស្ត្រីមេផ្ទះ​ខ្មែរ​ស្លាប់​

ប្រភពពី wwww www
www.khmer.rfi.fr: កម្ពុជា​បាន​សាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​នៃប្រទេស​ម៉ាឡេស៊ី​ដែល​បាន​កាត់ទោស​ប្តីប្រពន្ធ​​​២​នាក់​​​អោយ​ជាប់​ពន្ធនាគារ​​ម្នាក់​២៤​ឆ្នាំ បន្ទាប់​តុលាការ​រកឃើញ​ថា អ្នកទាំងពីរ​​បាន​បង្អត់​អាហារ​​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ខ្មែរ​ម្នាក់​​ ​រហូតដល់​ស្លាប់។ ឆ្លងកាត់​របាយការណ៍​ស្តីពី​ការ​ធ្វើ​ទុកបុកម្នេញ​ពី​សំណាក់​គ្រួសារ​ជនជាតិ​ម៉ាឡេស៊ី ​មក​លើ​ស្ត្រី​ជំនួយ​ការ​មេផ្ទះខ្មែរ កម្ពុជា​បាន​ផ្អាក​ការ​បញ្ជូន​ស្ត្រី​ជំនួយការ​​​មេផ្ទះ​ទៅ​ប្រទេស​មួយ​នេះ ដោយ​រង់ចាំ​ការ​អនុម័ត​អនុស្សារណៈ​យោគយល់​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​។



សេចក្តីរាយការណ៍​របស់​ លាង ដឺលុច
(01:51)


កម្ពុជា​បាន​ថ្លែង​ស្វាគមន៍​សេចក្តីសម្រេច​របស់​តុលាការ​​ប្រទេស​ម៉ាឡេស៊ី​ដែល​បាន​ប្រកាស​ដាក់​ទោស​​ប្តីប្រពន្ធ​២នាក់អោយ​ជាប់​ពន្ធនាគារ​ម្នាក់​២៤​ឆ្នាំ បន្ទាប់​ពី​តុលាការ​បាន​រកឃើញ​ថា ប្តីប្រពន្ធ​២​នាក់​បង្អត់​អាហារ​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ខ្មែរ​ម្នាក់​រហូតដល់​ស្លាប់។ មី ស៊ីចាន់​ អាយុ២៣​ឆ្នាំ ​​បាន​ស្លាប់​ដោយសារ​ការ​អត់អាហារ​និង​រលាក​ក្រពះ​ខ្លាំង​ កាល​ពីខែ​មេសា​ ​ឆ្នាំ២០១២ បន្ទាប់​ពី​បាន​ធ្វើការ​បម្រើ​គ្រួសារ​ម៉ាឡេស៊ី​នេះ​អស់​រយៈ​ពេល​៨​ខែ។ សាកសព​របស់​ស៊ីចាន់​ដែល​ត្រូវបាន​ប៉ូលីស​ម៉ាឡេស៊ី​រក​ឃើញ​នោះ មាន​ទំងន់​តែ​២៦​គីឡូក្រាម​តែប៉ុណ្ណោះ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​ កុយ គួង ​បាន​អត្ថាធិប្បាយ​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​​នៅ​រសៀលថ្ងៃ​ទី​១៧​ឧសភា​នេះថា ការ​ផ្តន្ទាទោស​ជនល្មើស​ជា​ប្តីប្រពន្ធ​ជនជាតិ​ម៉ាឡេស៊ី​នៅពេលនេះ គឺ​ជា​ការ​ផ្តល់​យុត្តិធម៌​ដល់​ស្ត្រី​រងគ្រោះ​។ ហើយថា​ សេចក្តីសម្រេច​របស់​តុលាការ​ម៉ាឡេស៊ី​នៅ​ពេលនេះ ក៏​ជា​មេរៀន​ប្រាប់​ពលរដ្ឋ​ម៉ាឡេស៊ី​ផ្សេងទៀត មិនអោយ​ធ្វើ​អំពើ​រំលោភ​សិទ្ធិមនុស្ស​និង​ខុសច្បាប់​មក​លើ​ស្ត្រី​ខ្មែរ​អ្នកជំនួយ​ការ​មេផ្ទះ​តទៅទៀត​ដែរ។ ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មានការ​ផ្សព្វផ្សាយ​អោយដឹងថា ស្ត្រីខ្មែរ​ជំនួយ​ការ​មេផ្ទះ​នៅ​ប្រទេស​​ម៉ាឡេស៊ី​បាន​រងគ្រោះ​ដោយសារ​រំលោភ​​នានា ​​រហូត​ដល់​មាន​ការ​បាត់បង់ជីវិត​ទៀត​ផង។ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធាន​ការ​បញ្ឈប់​ការ​បញ្ជូន​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ភ្លាម​ នៅ​ក្នុង​ខែ​តុលា​ ឆ្នាំ​២០១១​មក​រហូត​ដល់​ពេលនេះ។ ជាង​មួយ​ឆ្នាំ​មកនេះ កម្ពុជា​កំពុង​ជំរុញអោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​អោយ​ចុះ​ហត្ថលេខាលើ​អនុស្សារណៈ​យោគយល់ ​ស្តី​ពីការ​ការពារ​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ មុន​នឹង​រដ្ឋាភិបាល​កម្ពុជា​សម្រេ​ច​អនុញ្ញាត​អោយ​មាន​ការ​បញ្ជូន​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី​ឡើងវិញ​នោះ។ គួរ​បញ្ជាក់ថា​ មិនថា​តែ​ប្រទេស​កម្ពុជាទេ ប្រទេស​ឥណ្ឌូនេស៊ី​ក៏​មាន​ពិសោធន៍​អាក្រក់ដូច​គ្នា​ជាមួយ​​ម្ចាស់ផ្ទះ​ជនជាតិ​ម៉ាឡេស៊ី​ដែរ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes